ព័ត៌មានទាន់ហេតុការណ៍៖

WHO ប្រកាសអាសន្នពីគ្រោះមហន្តរាយដោយកូវីដ-១៩នៅតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

អង្គការសុខភាពពិភពលោកWHO បានប្រកាសពីគ្រោះមហន្តរាយនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងការឆ្លងរាលដាលយ៉ាងរហ័សនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ។
ការិយាល័យរបស់អង្គការ WHO ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានបញ្ជាក់ថា បណ្តាប្រទេសដូចជា អុីរ៉ាក់ អុីរ៉ង់ លីប៊ី ទុយនេស៊ី កំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ យ៉ាងខ្លាំង។ ចំណែកប្រទេសលីបង់ ម៉ារ៉ុក ក៏ប្រឈមនឹងរលកកូវីដ-១៩ ថ្មីផងដែរ។
ការឆ្លងរាលដាលកូវីដ-១៩ នឹងកើនឡើងខ្ពស់នៅក្នុងពិធីបុណ្យ Eid al-Adha ដែលជាបុណ្យធំទីពីររបស់សាសនាអ៊ិស្លាម ហើយការជួបជុំគ្នានឹងបង្កឲ្យមានការផ្ទុះកូវិដ- ១៩ជាថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះអង្គការWHO បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកចាក់វ៉ាក់សាំងមានតិចតួច ហើយការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta នឹងធ្វើឲ្យតំបន់នេះកាន់តែអាក្រក់ ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង យោងតាមទិន្នន័យចងក្រងដោយសារព័ត៌មាន Bloomberg ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា វ៉ាក់សាំងកូវីដ-១៩ ច្រើនជាង៣.៥១ ពាន់លានដូស ហើយត្រូវបានចាក់ជូនពលរដ្ឋនៅក្នុងប្រទេសចំនួន១៨០នៅទូទាំងសកលលោក។
គួរបញ្ជាក់ថា នេះជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ តួលេខចុងក្រោយបានបង្ហាញថា ក្នុងមួយថ្ងៃមានវ៉ាក់សាំងប្រហែល ៣០.៥លានដូសត្រូវបានចាក់ជូនពលរដ្ឋនៅទូទាំងសកលលោក។
នៅសហរដ្ឋអាមេរិកមានវ៉ាក់សាំងចំនួន៣៣៥លានដូសត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស។ ក្នុងមួយសប្តាហ៍កន្លងមកនេះ ការចាក់វ៉ាក់សាំងជាមធ្យម មាន៥៤៨,០៤៥ដូសក្នុងមួយថ្ងៃ។
តំបន់អាស៊ីចាក់វ៉ាក់សាំងច្រើនជាងគេ គឺតំបន់អាស៊ីមានវ៉ាក់សាំង ២,២២ពាន់លានដូសចាក់ជូនពលរដ្ឋ ក្នុងនោះចិនចាក់វ៉ាក់សាំង ជូនពលរដ្ឋបាន ១,៤១ពាន់លានដូស ។ បន្ទាប់មកឥណ្ឌា ចាក់ជូនពលរដ្ឋបាន៣៩១លានដូស ហើយអាមេរិកចាក់ជូនពលរដ្ឋបាន ៣៣៥លានដូស ៕

ដោយ៖ធីរីណា(រូបថត៖AP+TTXVN )


ចែករំលែក៖