ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ចូលរួម​ការងារ​សង្គម​ និង​បន្ត​ការងារចុះត្រួតពិនិត្យ​ និងណែនាំដល់កងកម្លាំង​ដែលនៅប្រចាំការ​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអមដំណេីរលោក អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់​ចាម​ ចុះជួបសំណេះសំណាល និងបើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជាជំហាន៣ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការ​លើចាប់ពីអាយុ ១៨ ឆ្នាំឡើង ប្រមាណជាង ៤មុឺននាក់ ដោយឥតគិតថ្លៃ។ 

ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​​ ទី១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតក្នុង​បរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ក្រៅពី​នោះ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ បានឆ្លៀតពេល​បន្ត​ការងារចុះត្រួតពិនិត្យ​ និងណែនាំដល់កងកម្លាំង​ដែលនៅប្រចាំការ​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនប្រជាពលរដ្ឋ​​ក្នុងកិច្ចដំណេីរការ​ចាក់វ៉ាក់​សាំង​នៅតាមមណ្ឌលមួយចំនួនដូចជា​ ៖​ 

១-ស្រុក​ចំការលេី​ មណ្ឌលសុខភាពស្ពឺ

២-ស្រុកស្ទឹងត្រង់​ វិទ្យាល័យ មេសរជ្រៃ,​ សាលាបឋមសិក្សា មាឃ,​សាលាបឋមសិក្សា អូររុន,​ វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា,​ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់,​ វត្តរតនរង្សី ហៅវត្តទួលកែវ និងវិទ្យាល័យ ហ៊ុន សែន ទួលសំបួរ ។

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ បានអោយដឹងថា​ មណ្ឌលចាក់វ៉ាក់សាំងគឺ​ វិទ្យាល័យ ហ៊ុន សែន ទួលសំបួរ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ស្ថិត​នៅទីតាំងដាក់ស្រយាលពីទីផ្សារ​ ខ្ញុំ​ក៏​នាំយកថវិកា​ គ្រឿងឧបភោគបរិភោគ​ ម៉ាស់​ ជែលលាងដៃ​មួយ​ចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់​​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​​ ឧបត្ថម្ភ​ដល់ក្រុមគ្រូពេទ្យ​ សាលាឃុំកងកម្លាំង​ប៉ុស្ដិ៍រដ្ឋបាល​និងកម្លាំងប្រជាការពារ​ផងដែរ​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖