ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿងបន្ថែមទៀត ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រៅពីរថយន្តសង្គ្រោះបន្ទាន់ រដ្ឋបាលស្រុកតំបែរ និងមន្ទីរពេទ្យបង្អែកស្រុកក៏ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល ប្រេងម៉ាស៊ូត ៣០០លីត្រ និងម៉ាស់ចំនួន ៥ពាន់ម៉ាស់ផងដែរ។
មានមតិផ្តាំផ្ញើក្នុងខណ:នេះ លោកប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក ក៏ដូចជាលោកគ្រូ និងអ្នកគ្រូពេទ្យទាំងអស់កំពុងបម្រើការនៅស្រុកតំបែរដែលបានយកចិត្តទុកដាក់ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការមើលថែទាំប្រជាពលរដ្ឋយើងនៅក្នុងស្រុក ជាពិសេសស្រ្តីឆ្លងទន្លេ និងអ្នកជំងឺកំពុងផ្ទុកមេរោគវេរ៉ូសកូវីដ-១៩ នេះតែម្តង។ លោកក៏បានក្រើនរំលឹងជូនមន្រ្តីសុខាភិបាលស្រុកត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង បន្តការផ្សព្វផ្សាយ និងរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាពដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារក៏បានណែនាំដល់មន្ទីរពេទ្យបង្អែកស្រុក ត្រូវប្រើប្រាស់រថយន្តនេះឱ្យចំគោលដៅ គឺបម្រើសុខភាពសាធារណ: លើកកម្ពស់សេវាកម្មដឹកជញ្ជូនអ្នកជំងឺឱ្យបានទៅដល់គោលដៅ និងទាន់ពេលវេលា។ ត្រូវរួមគ្នាជួយថែរក្សារថយន្តនេះឱ្យបានល្អប្រសើរ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងស្រុកតំបែរឱ្យបានយូរអង្វែង។
សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភ រថយន្តសង្គ្រោះបន្ទាន់ចំនួន ០៣គ្រឿងមកហើយ ដោយជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ០១គ្រឿង មន្ទីរពេទ្យបង្អែកស្រុកកំពង់សៀម ចំនួន ០១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន ០១គ្រឿងផងដែរ៕
ដោយ៖ សិលា