ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅអាល្លឺម៉ង់ ស្លាប់ជាង៤០នាក់និងបាត់ខ្លួនរាប់សិបនាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៤២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃទី១៥ខែកក្កដា ដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅក្នុងប្រទេសអាល្លឺម៉ង់។ ទឹកនៅតាមដងទន្លេ ព្រែកបានកើនឡើងខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ គ្របដណ្តប់តំបន់ភាគខាងលិចតំបន់អឺរ៉ុប។
ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង រថយន្តជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រោយគ្រោះទឹកជំនន់ស្រកទៅវិញពលរដ្ឋរស់នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេមានការរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែក្រោយការត្រួតពិនិត្យសម្ភារនៅក្នុងផ្ទះដូចជាគ្មានសល់អ្វីឡើយ គឺរងការបំផ្លាញអស់ទាំងស្រុង។
នៅក្នុងស្រុក Schuld ផ្ទះជាច្រើនខ្នងក្លាយទៅជាគំនរបាក់បែក ផ្លូវថ្នល់មិនអាចធ្វើចរាចរណ៍បានឡើយ ព្រោះពោរពេញដោយសំរាម ដើមឈើបាក់រលំគ្របពេញផ្លូវ…។ លោក Klaus Radermacher ជាពលរដ្ឋរស់នៅក្នុងតំបន់ប្រជុំជន Schuld អស់រយៈពេល៦០ឆ្នាំកន្លងមកបានឱ្យដឹងថា «យើងបានជួបប្រទះភ្លៀងធ្លាក់ខ្លំាងរយៈពេលពី៣ទៅ៤ថ្ងៃជាប់គ្នា ។
តាមការប្រកាសរបស់កម្លាំងប៉ូលិស អាល្លឺម៉ង់បានឱ្យដឹងថា មានមនុស្ស ១៨នាក់ស្លាប់នៅតំបន់ដាំដំណាំទំពាំងបាយជូរ Ahrweiler ក្នុងរដ្ឋ Rhineland-Palatinate ក្រោយពេលទឹកនៅព្រែក Ahr ហូរចូលទៅកាន់ព្រែក Rhine បាក់ទំនប់ហូរកួចបំផ្លាញផ្ទះរាប់សិបខ្នង។
ចំណែកនៅតំបន់ Euskirchen ភាគខាងកើតទីក្រុង Bonn បានឱ្យដឹងថា មានមនុស្ស១៥នាក់ស្លាប់ ។ ពលរដ្ឋនៅក្នុងតំបន់ត្រូវបានជម្លៀសជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ដោយខ្លាចបាក់ទំនប់ទឹកនៅភាគខាងកើតស្រុក Euskirchen។
ជាមួយគ្នានេះដែរនៅក្នុងប្រទេស
បែលហ្ស៊ុិក មានបុរសពីរនាក់ស្លាប់ ដោយភ្លៀងធ្លាក់ខ្លាំង និងក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ត្រូវទឹកកួចយកទៅបាត់៕

ដោយ៖ ធីរីណា(រូបថត៖baonga.com)


ចែករំលែក៖