ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ កូរ៉េខាងត្បូងអនុញ្ញាតឲ្យជួបជុំគ្នាមិនលើសពី៤នាក់ឡើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅព្រឹកថ្ងៃទី ១៦ខែកក្កដាបានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់។ដូច្នេះត្រូវតែអនុវត្តវិធានការរឹតត្បិតកាត់បន្ថយការជួបជុំគ្នានៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum បានស្នើដល់មន្ត្រីនៅក្នុងតំបន់ត្រូវតែអនុវត្តវិធានការរឹតត្បិតហាមពលរដ្ឋជួបជុំគ្នាលើសពី៤នាក់ ត្រូវអនុវត្តទាំងនៅក្នុងទីក្រុងនិងក្រៅទីក្រុង។ ការរឹតត្បិតខាងលើកើតឡើងក្រោយពេលកូរ៉េខាងត្បូងបិទតំបន់ជាច្រើនក្នុងទីក្រុងសេអ៊ូល ក្រោយការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ការឆ្លងកូវីដ-១៩ថ្មីប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការប្រើប្រាស់នៅក្នុងស្រុក។ ប៉ុន្តែតាមរដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុ Hong Nam-ki បានបញ្ជាក់ថា បើទោះបីមានការផ្ទុះកូវីដ-១៩ជាថ្មី ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចលំដាប់ទី៤នៅអាស៊ី នៅតែមានកំណើនប្រចាំឆ្នាំ ៤,២% ។
កូរ៉េខាងត្បូងបានទប់ស្កាត់ការឆ្លងកូវីដ-១៩ដោយជោគជ័យនាពេលកន្លងមក រហូតមកទល់ពេលនេះមានវីរុសបំប្លែងថ្មី ធ្វើឲ្យប្រទេសនេះមានករណីឆ្លងកើនឡើងខ្ពស់។ នៅថ្ងៃទី១៥ខែកក្កដា កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅ១.៥៣៦នាក់ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសនេះកើនឡើងដល់ទៅជាង១៧៥ពាន់នាក់ និងស្លាប់២.០៥១នាក់៕

ដោយ៖ធីរីណា(រូបថត៖USnews+TTXVN)


ចែករំលែក៖