ភ្នំពេញ៖ លោករដ្ឋមន្ដ្រីក្រសួងអប់រំ ថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ។
នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញ លិខិតថ្លងអំណរគុណ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា !
សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាន សម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់។ ការសម្រេចចិត្តជា យុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សា ឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ។
ជាថ្មីម្តងទៀត តាំងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គ្រូបង្រៀន សាស្ត្រាចារ្យ សិស្សានុសិស្ស និងយុវជនទាំងអស់ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគាំទ្រ និងគិតគូរជាចម្បងដល់វិស័យអប់រំ និងសុខុមាលភាពរបស់បុគ្គលិកអប់រំ សិស្សានុសិស្ស និងយុវជន ជារៀងមក ។
ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ ៕
ដោយ ៖ សុខ ខេមរា