ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន៤ក្នុងស្រុកឧដ្ដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវទោស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក ហ៊ុន ម៉ានី អមដំណើរដោយអនុប្រធាន លេខាធិការ និង សមាជិក គណៈកម្មការ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ  និងសំភារៈប្រើប្រាស់មួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ៤ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ នៅក្នុងពទ្ធសីមា វត្ត ហរិរក្សារាជនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 ទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់វត្តនីមួយៗនាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្គរ, ២០០គ.ក, មីជាតិ ១កេសធំ, ប្រេងឆា ៥លីត្រ១ធុង, ទៀន, តែ, ស្ករ, ភេសជ្ជៈ និងគ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង ប្រគេនព្រះគ្រូចៅអធិការ និងព្រះសង្ឃមួយចំនួនផងដែរ។

ដោយសេចក្តីនឹករឭក និងក្នុងឱកាសនៃការជិតឈានចូលមកដល់នៃបុណ្យចូលព្រះវស្សា អ្នកតំណាងរាស្រ្តក៏ដូចជាក្រុមការងារបានឆ្លៀតពេលមកថ្វាយបង្គំ និងប្រគេនទេយ្យទានដល់ព្រះសង្ឃនៅតាមបណ្តាទីអារាមក្នុងខេត្ត។ 

ក្នុងវរោកាសនេះដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖