ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងទី១៤ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី០៧ និងទី១៤ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (deIta) ចំនួន៣៧នាក់ (ស្រី ២២នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៣៤នាក់ និងជាអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់មានដូចខាងក្រោម,
សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥នាក់ (ស្ត្រី ៤០នាក់) ដែលជាករណីនាំចូល។ យោងតាមលទ្ធផលខាងលើ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយ រំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ * រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។ សូមបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹងការអនុវត្តន៍វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការ ណែនាំរបស់ គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ ជាបន្ថែមសូមកុំទៅកាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំង ដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នាដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះដែរក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ៣ការពារ ៣កុំ និងកុំ ទៅកាន់ទីតាំង ៣ “ជ” ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល wicknohgwkh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ ម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ១១៥ ឬលេខ ០១២ ៤៨៨ ៩៨១ / ០១២ ៨៣៦ ៨៦៨ ដោតឥតគិតថ្លែ៕
ដោយ៖ សុខ ខេមរា