នៅយប់ថ្ងៃទី១៦ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញអ្នកឆ្លងថ្មីបន្ថែម១.៨៩៨នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងមួយថ្ងៃកើនឡើងដល់ទៅ៣.៣៣៦នាក់។
ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ទៅ១៨នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងមានភាគច្រើននៅទីក្រុងហូជីមិញ ដោយមានអ្នកឆ្លងដល់ទៅ១.៣៤៩នាក់ ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះបណ្តាខេត្តនៅតំបន់ភាគខាងត្បូងវៀតណាម មានករណីឆ្លងកូវីដ-១៩ ស្ទើរតែគ្រប់ខេត្តទៅហើយ ។ គិតត្រឹមម៉ោង១៨និង៣០នាទីយប់ថ្ងៃទី ១៦ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបកើនឡើងរហូតដល់ទៅ៤២.១៧៩នាក់ ក្នុងនោះមាន២.០០៧នាក់ជាករណីនាំចូលពីក្រៅ។
ក្រៅពីប្រទេសវៀតណាម ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានក៏មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ផងដែរ ក្នុងនោះប្រទេសថៃនៅថ្ងៃសុក្រនេះបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ៩,៦៩២នាក់ និងស្លាប់៦៧នាក់ ហើយនៅក្នុងចំណោមអ្នកឆ្លង និងអ្នកស្លាប់ថ្មីទាំងនេះមានអ្នកឆ្លង ២,១៩៥នាក់ និងស្លាប់៣៣នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកក។ ក្រៅពីអ្នកជំងឺដ៏ច្រើនកកកុញ ក៏មានមនុស្សជាច្រើនផ្សេងទៀតបាននិងកំពុងសម្រុកទៅធ្វើតេស្តរកកូវីដ-១៩ផងដែរ ដែលនាំឲ្យកន្លែងធ្វើតេស្តកកកុញយ៉ាងខ្លាំង និងខ្លះត្រូវបង្ខំចិត្តដេករង់ចាំ នៅខាងក្រៅអគារធ្វើតេស្តតែម្តង ទាំងពេលយប់ ពេលថ្ងៃ និងពេលមានភ្លៀងធ្លាក់ជោកជាំ។
ប្រទេសដែលមានករណីឆ្លងច្រើនជាងគេក្នុងតំបន់អាស៊ានគឺ ឥណ្ឌូនេស៊ី មានករណីឆ្លងថ្មីដល់ទៅ ជាង៥៤ពាន់នាក់ និងស្លាប់ជាង ១២០០នាក់ ។ ជាមួយគ្នានេះប្រទេសហ្វីុលីពីនក៏មានអ្នកឆ្លងជាង ៥៦០០នាក់ និងស្លាប់ ១៦២នាក់ ។ ម៉ាឡេស៊ីមានអ្នកឆ្លងជាង១២ពាន់នាក់ និងស្លាប់១១៥នាក់…៕
ដោយ៖ធីរីណា(រូបថត៖TTXVN )