ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីគេទទួលបានដំណឹងថាអតីត កីឡាករប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយលោក  អ៊ឹម ជីវ៉ា ដែលបានបង្ហោះនូវរូបភាព និងខ្លឹមសារបញ្ជាក់ថា កីឡាកររូបនេះមានវិជ្ជមានជំងឺកូវីដ-១៩ ដែលក្នុងរូបថតលោកហាក់មានស្ថានភាពធ្ងន់ធ្ងរព្រោះតែត្រូវការជំនួយពីបំពង់អ៊ុកស៊ីសែននោះ។ 

  លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថាលោក អេភូថង ពិតជាមានវិជ្ជាមានជំងឺកូវីដ-១៩មែន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក។  លោកថា ទើបនឹងទទួលបានដំណឹងនៃការរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមនេះលើអតីតកីឡាករល្បីល្បាញនៅកម្ពុជានៅថ្ងៃនេះដែរ ហើយលោកនៅមិនទាន់ដឹងនៅឡើយដែរថាតើសមាជិកក្រុមគ្រួសាររបស់លោកនៅពេលនេះយ៉ាងដូចម្តេចនៅឡើយ។ លោកថា មានការក្តីបារម្ភពីស្ថានភាពសុខភាពរបស់កីឡាករ និងជាគ្រូបង្វឹកផ្នែកប្រដាល់រូបនេះព្រោះតែតាមរូបភាពដែលលោកទទួលបានគឺលោកមានស្ថានភាពសុខភាពចុះខ្សោយបន្តិច ហើយលោកនិងព្យាយាមស្វែងរកដំណឹងលម្អិតបន្ថែមពីក្រុមគ្រួសារគាត់ផងដែរ។ លោកថាកន្លងទៅលោកក៏ធ្លាប់យកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សប្បុរសជន និងថិវកាផ្ទាល់ខ្លួនជូនដល់អតីកីឡាកររូបនេះផងដែរព្រោះតែលោកមានជំងឺប្រចាំកាយ លើសឈាម និងទឹកនោមផ្អែម។ លោកថាមានតែជូនពរគាត់ពីចម្ងាយប៉ុណ្ណោះឲ្យគាត់ឆាប់ជាសះស្បើយ។ 

គួរបញ្ជាក់ដែរថា អតីតកីឡាករជើងខ្លាំងគ្មានគូប្រៀប អេ ភូថង មានវ័យ៤៨ឆ្នាំ គឺជាម្ចាស់ខ្សែក្រវាត់ប្រដាល់សេរីពិភពលោកដែល ជាគ្រូបង្វឹកជម្រើសជាតិកីឡាគុនខ្មែរ ធ្លាប់បានចូលសម្រាកក្នុងមន្ទីរពេទ្យព្រោះជំងឺខ្សោយកម្លាំង ឡើងអាស៊ីត លើសខ្លាញ់ និងបេះដូងដើរញាប់ខុសធម្មតា រួមទាំងបញ្ហាផ្លូវចិត្ត ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖