ភ្នំពេញ៖ រថយន្តមួយគ្រឿង បានបើកយ៉ាងលឿនគេចពីម៉ូតូរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្ត២គ្រឿងទៀត ចតចោលនៅមុខផ្ទះពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយស្ទើរទាំងស្រុង ចំណែករថយន្តបង្កបានបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩ និង២០ នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តរងគ្រោះទាំង២គ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AY-2248 និងមួយគ្រឿងទៀត ម៉ាកព្រូសដូចគ្នា ពណ៌ផ្ទៃមេឃ ដែលពាក់ស្លាកលេខ ភ្នំពេញ 2BB -7824។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋលក់ដូរនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ២គ្រឿង បានចតចោលនៅចិញ្ចើមផ្លូវមុខផ្ទះ ស្រាប់តែមួយស្ទុះក្រោយមក គាត់ក៏បានឃើញរថយន្តម៉ាកព្រូស ១គ្រឿងទៀត ពណ៌សដែលមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន បានគេចពីម៉ូតូមួយគ្រឿង រេចង្កូតទៅបុកពីក្រោយរថយន្តម៉ាកព្រូស២គ្រឿង ដែលចតចោលនៅមុខផ្ទះ រងការខូចខាត ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមស្រាវជ្រាវ រករថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច