ព័ត៌មានទាន់ហេតុការណ៍៖

ករណីការធ្វើចត្តាឡីស័ករបស់មន្រ្តីការទូត មន្រ្តីអង្គការសហប្រជាជាតិ និងមន្រ្តីអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូត (Visa A)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជូនលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

កម្មវត្ថុ ៖ ករណីការធ្វើចត្តាឡីស័ករបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិដែល កាន់ទិដ្ឋាការការទូត (Visa A)។

យោង ៖ សេចក្តីប្រកាសព័ត៌មានលេខ ២៦១ សខល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ផ្អែកតាមការពិនិត្យលើការស្នើសុំរបស់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដោយផ្អែកលើការសាកសួរព័ត៌មាននិងការពិនិត្យស្ថានភាពជាក់ស្ដែង ចំពោះនិវេសនដ្ឋានរបស់អ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលបានស្នើសុំធ្វើចត្តាឡីស័ក កន្លងមក ក្រសួងសុខាភិបាលបានពិនិត្យឃើញថា និវេសនដ្ឋានមួយចំនួនមានលក្ខណៈជាអគារ សហកម្មសិទ្ធិ (ខុនដូ ឬអាផាតមិន ដែលមានប្រើប្រាស់ជណ្តើររួមគ្នា និងមិនមានលក្ខណៈដាច់ដោយឡែកនោះទេ។ ខ្ញុំបាទសូមគោរពជម្រាប ជូនថា ខ្លឹមសារនៃពាក្យ “និវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក” នៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសព័ត៌មានលេខ ២៦១ សខល ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល សំដៅដល់ទីសំណាក់ដាច់ដោយឡែក មិនមាន ប្រើប្រាស់ជណ្តើររួម និងមិនមានទីធ្លារួមនោះទេ។ ក្នុងករណីដែលអ្នកការទូតកាន់ទិដ្ឋាការការទូត (Visa A) មិនអាច ស្នាក់នៅធ្វើចត្តាឡីស័កនៅស្ថានទូតបាន ឬអ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ ទិដ្ឋាការការទូត (Visa A) មិនមាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក ដូចបានគោរពជម្រាបជូនខាងលើ សូម អ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិនោះ ធ្វើចត្តាឡីស័កនៅសណ្ឋាគារ Himawari ហើយរាល់ការចំណាយទាំងអស់ គឺជាបន្ទុករបស់សាមីខ្លួន ឬជាបន្ទុករបស់ស្ថានទូត ឬអង្គការសហប្រជាជាតិ ឬ អង្គការអន្តរជាតិ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកឧបនាយករដ្ឋមន្ត្រី មេត្តាជួយជូន ដំណឹងដល់ស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា អង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិ ឲ្យបានជ្រាប និងស្នើសុំ ការយោគយល់អធ្យាស្រ័យពីសំណាក់ស្ថានទូតទាំងអស់ និងបណ្តាអង្គការអន្តរជាតិ ចំពោះស្ថានភាពលំបាកដែលកម្ពុជា កំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សូមលោកឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពង់ពីខ្ញុំបាទ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖