ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ដំណាក់កាលទីពីរនៃការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន ។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom បានលើកឡើងពីសំណើស្រាវជ្រាវ នៅមន្ទីរពិសោធន៍ និងស្រាវជ្រាវតំបន់ដែលមានករណីឆ្លងកូវីដ-១៩ នៅក្នុងខែធ្នូឆ្នាំ២០១៩ ។ លោកបានស្នើផ្តោតលើការស្រាវជ្រាវនៅតំបន់ភូមិសាស្ត្រដែលឆ្លងរាលដាលកូវីដ-១៩ ដំបូង ។ ជាមួយគ្នានេះ លោកក៏បានស្នើឲ្យស្រាវជ្រាវនៅទីផ្សារលក់សាច់នៅទីក្រុងវូហាននោះដែរ។
អគ្គនាយកអង្គការWHO លោកTedros Adhanom Ghebreyesus បានលើកឡើងថា ការស្រាវជ្រាវពីប្រភពកូវីដ-១៩ គឺត្រូវតែធ្វើឡើងតាមបែបបច្ចេកទេស មិនមានការជ្រៀតជ្រែកដោយនយោបាយ ។ លោកបញ្ជាក់ថា «យើងសង្ឃឹមថា ចិននឹងគាំទ្រ សកម្មភាពស្រាវជ្រាវជាបន្ត ប្រកបដោយតម្លាភាព »។
កន្លងមកប្រមុខWHO បានលើកឡើងថា ការស្រាវជ្រាវពីប្រភពកូវីដ-១៩នៅប្រទេសចិនជួបផលលំបាកយ៉ាងខ្លាំង ដោយកង្វះទិន្នន័យពីថ្ងៃដំបូងនៃការឆ្លងកូវីដ-១៩ នៅទីក្រុងវូហាន ។ លោកបានស្នើឲ្យចិនត្រូវតែចូលរួមច្រើនជាងនេះដើម្បីស្រាវជ្រាវប្រកបដោយតម្លាភាព៕
ដោយ៖ធីរីណា(រូបថត៖AP)