ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ានាំចូលអុកស៊ីហ្សែនពីប្រទេសចិនចំនួន៣ពាន់តោនសម្រាប់បំពេញតម្រូវការខ្វះខាតក្នុងប្រទេស

ចែករំលែក៖

នៅថ្ងៃទី១៧ខែកក្កដា មីយ៉ាន់ម៉ា បានសម្រេចទិញអុកស៊ីហ្សែន រហូតដល់ទៅ៣ពាន់តោនពីប្រទេសចិន ។ បំពង់អុកស៊ីហ្សែន នឹងត្រូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចូលទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ។

តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា «នៅពេលថ្មីៗនេះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ ហើយតម្រូវការអុកស៊ីហ្សែនគឺជារឿងចាំបាច់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា »។

តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា បញ្ជាក់ថា មន្ត្រីខេត្ត Yunnan ប្រទេសចិននឹងសហការជាមួយមន្ត្រីមីយ៉ាន់ម៉ាដើម្បីធានាដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនខេត្តនេះ។
តាមតួលេខរបស់គេហទំព័រ Worldometers នៅថ្ងៃទី ១៧ខែកក្កដា មីយ៉ាន់ម៉ារកឃើញករណីឆ្លងកូវីដ-១៩ សរុបជាង ២១៨ពាន់នាក់ និងស្លាប់៤៥៣៦នាក់។ ដោយករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ និងកង្វះអុកស៊ីហ្សែន ពលរដ្ឋមីយ៉ាន់ម៉ា បាននាំគ្នាសម្រុកទៅទិញអុកស៊ីហ្សែនមករក្សាទុកនៅក្នុងផ្ទះដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងគ្រួសារ ។ ការនាំចូលអុកស៊ីហ្សែនពីប្រទេសចិននឹងជួយដល់ប្រទេសមីយ៉ាន់ម៉ា អាចទប់ស្កាត់វិបត្តិកង្វះអុកស៊ីហ្សែនបាន៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖