ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការបង្ហោះសារនៅឡើ់យ ពេលនេះលោក សុខ រ៉ាស៊ីបានបញ្ចេញសារថ្មីទៀតហើយ។ ក៏ប៉ុន្តែមកលើកនេះគឺកាន់តែបញ្ចេញសារដ៏ចាក់ដោតចំបេះដូងអ្នកគាំទ្រលោក បើទោះបីជាលោកមិនបានសំដៅចំទៅលើបុគ្គលណាម្នាក់ក៏ដោយ ។
ពិធីករទូរទស្សន៍ហង្សមាសរូបនេះបានបញ្ចេញសារថា «អ្នកជំពាក់លុយគេមាន រអៀសខ្លួនខ្លះទេ? មានខ្មាសផែនដីទេ? ដែលជំពាក់គេអត់សង? ខ្ញុំក៏ពិបាកដែរ សុខចិត្តលក់ឡាន លក់ផ្ទះ តែមិនព្រមលក់កិត្តិយសទេ ព្រោះមួយជីវិតកិត្តិយសមានតែម្តងទេ តែបាត់បងហើយគ្មានថ្ងៃ យកមកវិញបានឡើយ! ស្រលាញ់កិត្តិយសផង! ស៊ូធ្លាក់ខ្លួនជិះម៉ូតូកង់បី ជិះម៉ូតូទៅធ្វើការ តែមិនឱ្យខូចកិត្តិយស! ពីខ្ញុំបាទ សុខ រ៉ាសុី»។ នេះបានបង្ហាញអំពីផលលំបាកដែលលោកបានជួបប្រទះ និងជាហេតុផលនៅពីក្រោយដែលលោកមិនអាចទប់អារម្មណ៍នៃការបង្ហោះសារឲ្យកូនបំណុលចេញមុខមកដោះស្រាយប្រាក់ដែលជំពាក់កន្លងមកថ្មីៗនេះ។ បន្ថែមលើនេះគឺកាន់តែធ្វើឲ្យអ្នកគាំទ្រស្ញើចសរសើរពីទឹកចិត្តល្អ និងភាពអត់ធ្មត់របស់លោក ក្រោយពីបានឃើញសារដោយការភ្ជាប់ រូបភាពមួយចំនួនដែលបង្ហាញពីសកម្មភាពនៃការទិញចំណីតាមផ្លូវទទួលទាន ជិះម៉ូតូទៅបំពេញការងារ និងដឹកទំនិញអនឡាញជូនភ្ញៀវនោះជាដើម។ លោកក៏នៅតែមានអារម្មណ៍មិនសប្បាយចិត្តក្រោយពីជួបរឿងរ៉ាវទាំងនេះដែលបានប៉ះទង្គិចដល់អារម្មណ៍ ប៉ុន្តែលោកនៅតែចិញ្ចឹមចិត្តបន្តរឿងនេះទៅកាន់ដៃតុលាការដើម្បីជាការព្រមានឲ្យបុគ្គលនោះបញ្ចប់ការប្រព្រឹត្តទង្វើបែបនេះទៅកាន់ជនដទៃ។
សារនិងរូបភាពនេះទទួលបានការចែករំលែកជាច្រើនហូរហែពីអ្នកគាំទ្រ និងអ្នកសិល្បៈដែលមានអ្នកលេងបណ្តាញសង្គមជាច្រើនរួមទាំងមិត្តរួមអាជីពក៏បានចូលបញ្ចេញយោបល់គាំទ្រ និងកោតសរសើរអំពីទឹកចិត្តរបស់ពិធីករូបនេះផងដែរ។
គួររំលឹកផងដែរថា ប៉ុន្មានថ្ងៃមុននេះមានការផ្ទុះកក្រើកផ្អើលអស់មហាជន ក្រោយពិធីករទូរទស្សន៍ហង្សមាសរូបនេះបានប្រកាសស្វែងរកលោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលក្រោយមកទើបធ្លាយដំណឹងថា លោក សុខ រ៉ាស៊ីបានទាមទារឲ្យលោក អុិន សុភិនដោះស្រាយបំណុលដែលជំពាក់ថ្លៃជួលឆាករៀបចំប្រកួតកម្មវិធីMiss Grand Cambodia កាលពីអំឡុងខែតុលា ឆ្នាំ២០២១មកម្ល៉េះនោះ។ ដំណឹងចុងក្រោយគឺលោកសុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកប្តឹងលោក អុិន សុភិន ឡើងតុលាការ និងទាមទារសំណងសរុបចំនួន១៥៧០០ដុល្លារអាមេរិក។ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថាតើបញ្ហាចម្រូងចម្រាសនេះត្រូវបានសម្រួលក្រៅរបងតុលាការឬក៏យ៉ាងណានោះទេខណៈដែលលោក អុិន សុភិន ក៏ធ្លាប់បញ្ជាក់សារនៅលើហ្វេសប៊ុកដែរថា នឹងទុកឱកាសឲ្យច្បាប់ជាអ្នកដោះស្រាយរហូតលោកព្រលយពាក្យដោយធានាថានឹងមិនមានអ្វីកើតឡើងចំពោះលោកនោះទេ៕
ដោយ ៖ វឌ្ឍនា