ភ្នំពេញ ៖ រថយន្ត Toyota Prius មួយគ្រឿងបានបុកម៉ូតូ ស៊ុយហ្ស៊ុយគីនិច ដែលជិះដោយបុរសពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ឯរថយន្តបង្កហេតុបានបើកបន្តទៅមុខប្រហែល៥០ម៉ែត្រក៏ធ្លាក់ចូលក្នុងដីឡូត៍ ហើយអ្នកបើកបរបានគេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះ បានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជេីង ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សពបុរសរងគ្រោះទាំង២នាក់ខាងលេីគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប ធ្វេីដំណេីរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ត្រូវរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-5612 ដែលធ្វេីដំណេីរបញ្ច្រាសគ្នា មកបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសទៅចិញ្ចេីមផ្លូវរងការខូចខាតទាំងស្រុង និងបណ្ដាលឲ្យបុរសពីរនាក់ដែលជិះម៉ូតូនេះស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ដោយឡែករថយន្តបង្កបានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ចម្ងាយប្រហែល៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែគេមិនដឹងថាអ្នកបើករថយន្តនេះជាមនុស្សប្រុស ឬស្រីនោះទេ ព្រោះគេបានគេចខ្លួនបាត់ភ្លាមៗ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកឯសពជនរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាជាបណ្ដោះអាសន្ន ដេីម្បីទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា និងរ៉ារ៉ា