ភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបានបេីកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់មួយកង់ខ្ទាតចេញពីជួរ និងធ្វេីឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្របារីសេក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉ូឡា ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S-0821 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើសង្ស័យតែម្ចាស់ស្រវឹងស្រាទេបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម នៃក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតចេញពីជួរ ឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេង។ ភ្លាមនោះតៃកុងរថយន្តបង្កបានបើកទ្វារចេញពីរថយន្តគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ