ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅបឹងខ្នា ចាប់បានសត្វក្រពើធំមួយក្បាលនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សត្វក្រពើធំមួយក្បាលត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីក្រពើមួយក្បាលនេះបានចូលទៅស៊ីត្រីរបស់ប្រជាពលរដ្ឋដែលជាប់នៅក្នុងលប ។ ហេតុការណ៍ពលរដ្ឋចាប់ក្រពើបាននេះបានកើតឡើងកាលពីនៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបឹងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ពលរដ្ឋដែលចាប់ក្រពើបាននេះមានឈ្មោះ សារី ហៅភ្នំ បានរៀបរាប់ឱ្យដឹងថា នៅពេលល្ងាច រូបគាត់បានលប និង សន្ទូច នៅតាមមាត់បឹងនេះដើម្បីយកត្រី គាត់ធ្លាប់រកត្រីតាមបឹងនេះរាប់ឆ្នាំដែមកហើយ មិនដែលចម្លែកដូចពេលនេះទេ ។ ក្រោយពីដាក់លបរួចហើយនៅពេលល្ងាចគាត់បានទៅផ្ទះរបស់គាត់ដែលនៅក្បែមាត់បឹងនេះ លុះព្រឹកឡើងគាត់បានទៅលើកលបដូចរាល់ដង ក៏ប្រទះឃើញសត្វក្រពើចូលក្នុងលបដាក់ត្រីនេះតែម្តង  គាត់ឃើញដូចនេះ គឺមានការភ្ញាក់ផ្អើល និង បានហៅគ្នីគ្នាមកជួយចាប់ក្រពើដែលជាប់លបរបស់គាត់នេះបុរសរូបនេះបានបញ្ជាក់ទៀតថា នៅក្បែបឹងនេះ ពុំមានអ្នកចិញ្ចឹមក្រពើទេ មិនដឹងជា សត្វក្រពើនេះមកពីណានោះទេ ទើបមកជាប់លបរបស់គាត់ សត្វក្រពើនេះធំទៅទៀត ប្រសិនបើរស់នៅក្នុងបឹងនេះយូមកហើយនោះ វាអាចមានកូនចៅក្នុងបឹងនេះក៏ថាបានដែរ។ ពាក់ព័ន្ធនិងករណីនេះ អភិបាលរងស្រុកបរិបូរណ៍បានប្រាប់ឱ្យដឹងថា ករណីពលរដ្ឋចាប់ក្រពើបាននៅក្នុងបឹងខ្នានេះគឺពិតជាចាប់បានមែន ហើយលោក អភិបាលរងស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅដែលរស់នៅជុំវិញបឹងនេះត្រូវប្រុងប្រយ័ត្នចំពោះកូនចៅ និង ប្រជាពលរដ្ឋទាំងអស់ ព្រោះថា យើងមិនអាចស្មានដឹងនោះទេ ថា នៅក្នុងបឹងនេះមានសត្វក្រពើទៀត ឬ អត់នោះ ។ លោកអភិបាលរងស្រុកបានបញ្ជាក់ថា បឹងនេះ ជាបឹងបុរាណដែលមានទំហំធំ តែពុំជ្រៅប៉ុន្មាននោះទេ បើនៅខែវស្សាវិញពលរដ្ឋនៅតំបន់នេះតែងតែមកនេសាទយកត្រីនៅបឹងមួយនេះ តែពេលនេះត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះសត្វក្រពើធំមួយក្បាលត្រូវបានប្រជាពលរដ្ឋចាប់បាន នៅក្នុងបឹងធម្មជាតិនេះ៕

ដោយ៖ ចន្ថា


ចែករំលែក៖