ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ប៊្រុយណេក្លាយជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

ចែករំលែក៖

ការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតរបស់ប្រទេសប៊្រុយណេ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយរយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងក្នុងសហគមន៍នោះឡើយ។ ប្រ៊ុយណេបានក្លាយជាចំណុចភ្លឺជាងគេបំផុតនៅតំបន់អាស៊ាន ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានសរសើរពីជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នៅក្នុងប្រទេសប្រ៊ុយណេនេះ។ ទន្ទឹមនឹងនោះ វិធានការដែលជួយឲ្យប្រទេសប្រ៊ុយណេទទួលបានជោគជ័យគឺ កាត់បន្ថយការធ្វើដំណើរ អនុវត្តការធ្វើចត្តាឡីស័ក ធ្វើតេស្តរហ័សកូវីដ-១៩ រកប្រភពនៃការឆ្លងដើម្បីទប់ស្កាត់។ ពលរដ្ឋប្រ៊ុយណេបានគោរពយ៉ាងយកចិត្តទុកដាក់ទៅលើវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ។
អ្នកលេងបណ្តាញសង្គមនៅក្រៅប្រទេសបានសរសើរដល់ការទទួលបានជោគជ័យរបស់ប្រទេសប៊្រុយណេ ក្រោយពេលបង្ហោះរូបភាពស្តីពីការចូលរួមពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ដោយមិនមានអ្នកពាក់ម៉ាស់ការពារឡើយ។ អ្នកលេងបណ្តាញសង្គមបានអំពាវនាវដល់ពលរដ្ឋប៊្រុយណេជួយបន់ស្រន់ដល់ប្រទេសតំបន់អាស៊ានទាំងមូលឆាប់ឆ្លងផុតពីកូវីដ-១៩ ។
ការដែលប៊្រុយណេទទួលបានជោគជ័យគឺជាការរួមសាមគ្គីគ្នារបស់ពលរដ្ឋក្នុងការទប់ស្កាត់កូវីដ-១៩ ។ លោក William Case សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យ Nottingham ក្នុងប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ការជឿទុកចិត្តពីពលរដ្ឋទៅលើរដ្ឋាភិបាល ជាកត្តាសំខាន់បំផុតជួយឲ្យប្រទេសនេះទទួលបានជោគជ័យក្នុងសង្គ្រាមទប់ស្កាត់កូវីដ-១៩។
គិតត្រឹមថ្ងៃទី១៧ខែកក្កដា ប្រទេសប៊្រុយណេ មានករណីឆ្លងកូវីដ-១៩ ២៨៣នាក់ ហើយការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចុងក្រោយបង្អស់ តាំងពី៤៣៧ថ្ងៃមុន គឺថ្ងៃទី ៦ខែឧសភាឆ្នាំ ២០២០ ។ ក្នុងចំណោមអ្នកឆ្លងមាននាំចូលពីក្រៅ១៤២នាក់៕

ដោយ៖ធីរីណា(រូបថត៖ THE STAR.+TTXVN)


ចែករំលែក៖