ភ្នំពេញ៖ ជីដូនទើបនឹងទទួលមរណភាពថ្មីៗ ស្រាប់តែពេលនេះ តារាចម្រៀងរ៉េប ល្បីឈ្មោះ លោក វណ្ណដា បានប្រកាសអំពីការផ្អាកពីការងារសិល្បៈមួយរយៈដើម្បីទុកពេលព្យាបាលខ្លួនទៅវិញ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះលោកទើបតែនឹងបញ្ចេញបទច្មីមួយចំនួនរបស់ខ្លួនធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។
តារាចម្រៀង វណ្ណដា បានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយក្រោយពីស្នាដៃបទចម្រៀងបែបរ៉េបរបស់លោកផ្ទុះចេញនូវការគាំទ្រយ៉ាងខ្លាំងជាបន្តបន្ទាប់វ៉ាអស់សិល្បកររួមជំនាន់ ។ ការបញ្ចេញបទចម្រៀងថ្មី” Time To Rice “ ដែលបានធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនទាំងក្នុងនិងក្រៅប្រទេសជាមួយនឹងការលាយបញ្ចូលគ្នានូវទម្រង់សិល្បៈសម័យ និងការលេងឧបករណ៍និងច្រៀងរបស់វីរសិល្បករកោសល្យវោហារ គង់ ណៃដែលរហូតមកដល់ពេលនេះបទចម្រៀងមួយនេះហក់ឡើងដល់មានចំនួនអ្នកចូលទស្សនាជិត៧០លានដងរួចមកហើយ។ ដំណឹងនៃការប្រកាសផ្អាកពីការងារសិល្បៈមួយរយៈនេះគឺ ពិតជាធ្វើឲ្យអ្នកគាំទ្រសោកស្តាយជាខ្លាំងនិងធ្វើឲ្យអ្នកគាំទ្រលោកនឹកឆ្ងល់ថាមូលហេតុអ្វីបានតារារូបនេះសម្រេចចិត្តបញ្ជាក់ទៅកាន់អ្នកគាំទ្រថាចង់សម្រាកដើម្បីព្យាបាលខ្លួននោះទៅវិញ។
គេចាំបានដែរថា កន្លងទៅថ្មីៗនេះ តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានគណនីYoutube មួយបានជ្រើសរើសជាអ្នកចម្រៀងរ៉េបម្នាក់មានឈ្មោះបោះសំឡេងរបស់កម្ពុជា និងស្ថិតក្នុងចង្កោមតារារ៉េបល្បីល្បាញក្នុងតំបន់អាស៊ានថែមទៀតផង។ បទ”Time To Rise “ដែលទើបនឹងធ្វើឲ្យក្រុមអ្នកReaction និងសារព័ត៌មានក្រៅស្រុកជាច្រើនចាប់អារម្មណ៍មកលើតារាចម្រៀងវ័យក្មេងពីកម្ពុជារូបនេះផងដែរ។ ស្របពេលដែលកំពុងតែទាញបានប្រជាប្រិយជាមួយស្នាដៃថ្មីៗជាច្រើន តារាចម្រៀងរូបនេះបានជួបទុក្ខធំនៅក្នុងក្រុមគ្រួសារព្រោះតែជីដូនបង្កើតរបស់លោកបានទទួលមរណភាព ដែលអ្នកគាំទ្រលោកជាច្រើនបានផ្ញើសាររំលែកទុក្ខច្រើនព្រោងព្រាត។ ឆ្លើយតបទៅកាន់អ្នកគាំទ្រនៅលើComment មួយលោកបានបញ្ជាក់ថា “ខ្ញុំប្រហែលជាសុំដកឃ្លាពីអ្នកទាំងអស់គ្នាព្យាបាលខ្លួនឯងមួួរយៈទៀតហើយ។ សារនេះបានបង្កើតឲ្យក្រុមអ្នកគាំទ្រជ្រួលច្របល់ក្នុងចិត្តមិនតិចទេ និងលេចចេញជាសំណួរជាច្រើនទៅកាន់តារាចម្រៀងរូបនេះផងដែរ ប៉ុន្តែនៅមិនទាន់ទទួលបានចម្លើយច្បាស់លាស់ណាមួយនៅឡើយនោះដែរ។ ទោះជាយ៉ាងណាគេសង្ស័យថាការជួបទុក្ខធំនៃការបាត់បង់ជីដូនជាទីគោរពស្រសាញ់នេះបានធ្វើឲ្យអ្នកចម្រៀងនេះខូចចិត្ត និងចង់សម្រាកពីការងារមួយរយៈ ខណៈដែលថ្មីៗនេះលោកក៏បានបញ្ចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ហើយដែរ៕
ដោយ ៖ វឌ្ឍនា