ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវ​នគរបាល​ស្រុក​ស្វាយ​លើ ឃាត់ខ្លួនពាក់ព័ន្ធ​ការ​ចរាចរក្រដាស​ប្រាក់រៀលក្លែងក្លាយ​

ចែករំលែក៖

ខេត្ត​សៀមរាប៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ២នាក់​ បានធ្វើ​សកម្មភាព​ចរាចរ​ក្រដាស​ប្រាក់រៀលក្លែងក្លាយ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ចាប់​ឃាត់ខ្លួននៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។​

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល​ស្រុក​ស្វាយ​លើ បាន​ឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖​ ជនសង្ស័យ​ទាំងពីរ​នាក់នេះ​ ទី១,ឈ្មោះ រ៉េត ពន្លក ភេទ​ប្រុស អាយុ ៣១ ឆ្នាំ, និង​ទី២,ឈ្មោះ លឹម ឡៃ​ហ៊ាង ភេទ​ស្រី អាយុ ២៦ ឆ្នាំ​ ពួក​គេ​រស់នៅ​ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ក្រោយពេល​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នគរបាល​ស្រុក​ស្វាយ​លើ​ បានចាប់យកវត្ថុតាង​រួមមាន៖ ក្រដាសប្រាក់​ក្លែងក្លាយ ចំនួន ១៥.៧០០.០០០ រៀល ក្នុងនោះ ក្រដាស ៥០.០០០ រៀល ចំនួន ១៣.៩០០.០០០ រៀល​, ក្រដាស ១០.០០០ រៀល ចំនួន ១.៨០០.០០០ រៀល និង​ប្រាក់រៀល (​ប្រាក់សុទ្ធ​) មួយចំនួនទៀត​។ ក្រៅពីនោះ ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ ប័ណ្ណបើកបរ ទូរស័ព្ទដៃ កាត​ទូរស័ព្ទ metfone និង​កាត​ទូរស័ព្ទ smart មួយចំនួនទៀត​។​

ប្រភពដដែល​ បន្តថា​ ចំពោះ​ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធនេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។បន្ទាប់ពី​ឃាត់ខ្លួនជនសង្ស័យ បាន​សារភាពថា៖ ពួកគេ​បាន​ជិះ​ម៉ូតូ ចេញពី​ខេត្តព្រះវិហារ​មក​ខេត្ត សៀមរាប ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦៤ ដោយ​នាំយក​ក្រដាសប្រាក់ ក្លែងក្លាយ (​ក្រដាសប្រាក់ ៥០.០០០ រៀល និង ១០.០០០ រៀល​) មក​ចាយ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ស្វាយ​លើ ហើយក៍​ត្រូវ​នគរបាល ចាប់ខ្លួន​តែម្តង​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២នាក់នេះ​ រួម​នឹង​វត្ថុ​តាងត្រូវបាន​កសាង សំណុំរឿងបញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖