ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង – សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀង ជាពិសេសក្នុងភូមិសាស្ត្រស្រុកស្វាយទាប ឱ្យបានជ្រាបថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅក្នុងភូមិសាស្ត្រស្រុកស្វាយទាប ខេត្តស្វាយរៀង កំពុងកើតឡើងគួរឱ្យព្រួយបារម្ភក្នុងនោះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើងជាបន្ត បន្ទាប់គួរឱ្យកត់សម្គាល់ ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺ កូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង សម្រេចដាក់ចេញនូវសេចក្តីសម្រេចស្ដីពី បិទជាបណ្តោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដែលមានទីតាំង ស្ថិតនៅភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលា ម៉ោងសូន្យនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។
ការដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបិទជាបណ្តោះអាសន្ននេះ រួមមាន ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ ការប្រមូលផ្តុំ ឬការជួបជុំមនុស្ស នៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដោយអនុវត្តតាម ខ្លឹមសារនៃសេចក្តីសម្រេចលេខ ០៧៧/២១ សសរ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។ . អាស្រ័យហេតុនេះ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងក្នុងស្រុកស្វាយទាប ជ្រាប និងសូមចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើឱ្យបានគ្រប់ៗគ្នា ៕
ដោយ៖ សុខ ខេមរា