ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនជនបរទេសដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និង កំពុងបំពេញការងារក្នុងខេត្តសៀមរាប។ ក្នុងនោះជនជាតិបរទេសចំនួន ២.១២០នាក់ បានធ្វើសំណើរមកកាន់រដ្ឋបាលខេត្តសៀមរាប ដើម្បីទទួលបានចាក់វ៉ាក់សាំង តាមការប្រកាសជូនព័ត៌មានរបស់រដ្ឋបាលសាលាខេត្ត ហើយពួកគាត់បានស្ម័គ្រចិត្តមកសាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងច្រើន។
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក លីវ សុខុន បានបន្តថា ជនបរទេសប្រមាណ ២ពាន់នាក់នៅខេត្តសៀមរាប បានទៅចុះឈ្មោះទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយនេះបញ្ជាក់ថា ជនបរទេសមានការជឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យដោយឥតគិតថ្លៃនេះ។
លោក បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។
សូមបញ្ជាក់ថា, យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨២៥នាក់ទៀត ជាសះស្បើយ ១,០២២នាក់ និងស្លាប់ ២១នាក់៖
– ករណីឆ្លងសហគមន៍ ៤០៤នាក់
– អ្នកដំណើរពីបរទេស ៤២១នាក់
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 68,796 នាក់
– អ្នកជាសះស្បើយ= 61,039 នាក់
– អ្នកស្លាប់= 1,149 នាក់៕
ដោយ ៖ សិលា