ប្រធានការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Khumbudzo Ntshavheni នៅថ្ងៃទី ២០ ខែកក្កដា បានប្រកាសថា អំពើហិង្សាផ្ទុះឡើងនៅទូទាំងប្រទេសក្រោយពេលអតីតប្រធានាធិបតី Jacob Zuma បង្ហាញខ្លួននៅស្នងការប៉ូលិស ដើម្បីទទួលបានការលើកលែងឲ្យនៅក្រៅឃុំ ។ ការធ្វើបាតុកម្មក្លាយជាហិង្សា បណ្តាលឲ្យក្រុមហ៊ុនសហគ្រាស តូចធំរហូតដល់ទៅ ជាង៤ម៉ឺនក្រុមហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំង។
តាមការប្រមាណរបស់រដ្ឋាភិបាល អំពើហិង្សា ឆក់ប្លន់នៅទូទាំងប្រទេស ធ្វើឲ្យសេដ្ឋកិច្ច អាហ្វ្រិកខាងត្បូង រងការខាតបង់រហូតដល់ទៅ ៣,៤ពាន់លានដុល្លារ។
នៅក្នុងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំបណ្តាក្រុមហ៊ុន ប្រធានាធិបតី Cyril Ramaphosa បានបញ្ជាក់ថា អំពើហិង្សា ជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។លោកក៏បានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកមិនបានត្រៀមលក្ខណៈជាមុនដើម្បីទប់ស្កាត់អំពើងហិង្សាទាន់ពេលវេលា។
បច្ចុប្បន្នជីវភាពរស់នៅរបស់ពលរដ្ឋ កំពុងតែវិលត្រឡប់មកសភាពដើមវិញ ក្រោយក្រុមពលរដ្ឋស្ម័គចិត្ត និងបណ្តាសហគមន៍ចូលរួមបោសសម្អាត់ផ្លូវថ្នាល់តាមទីក្រុង ហើយហាងលក់ទំនិញ អាហារផ្សេងៗក៏បានចាប់ផ្តើមបើកទ្វារវិញផងដែរ។
ពាក់ព័ន្ធការធ្វើបាតុកម្មក្លាយជាហិង្សា មានមនុស្ស ជា២៥០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ២០០នាក់បញ្ជូនទៅកាន់តុលាការ ។ បាតុកម្មហិង្សាបណ្តាលឲ្យមនុស្ស ២១៥នាក់ស្លាប់ផងដែរ៕ដោយ៖ធីរីណា
រូបថត៖AFP/TTXVN