ពីមុននៅរាជធានីភ្នំពេញមានផ្សារចល័តលក់បន្លែម្ហូបអាហារដោយប្រើប្រាស់រថយន្តទៅលក់នៅតំបន់ក្រហម ក្នុងតម្លៃទាបជួយដល់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដែលមិនអាចចេញទៅណាបាន។ នៅពេលនេះដែរទីក្រុងហូជីមិញ ប្រទេសវៀតណាមក៏បានអនុវត្តប្រើប្រាស់រថយន្តក្រុងទៅលក់បន្លែ ត្រីសាច់នៅតាមតំបន់បិទខ្ទប់ផងដែរ។
ពីមុនរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរនៅក្នុងទីក្រុង ប៉ុន្តែដោយសារតែបិទខ្ទប់ រថយន្តទាំងនោះក៏បានបង្វែរមកលក់បន្លែផ្លែឈើ ម្ហូបចំណី សម្រួលដល់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដែលពិបាកទៅរកម្ហូបអាហារ។
ក្រុមហ៊ុនរថយន្តក្រុងឯកជនបានសហការជាមួយមន្ទីរពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនបន្លែ ម្ហូបចំណីទៅលក់ជូនពលរដ្ឋនៅតំបន់បិទខ្ទប់។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៩ព្រឹក រថយន្តក្រុងលក់បន្លែ ត្រីសាច់ បានចាប់ផ្តើមទៅកាន់ទីតាំងលក់ដែលមន្ទីរពាណិជ្ជកម្មបានអនុញ្ញាត ហើយតម្លៃទំនិញគឺត្រូវបានកំណត់ រួចរាល់ មានតម្លៃសមរម្យ។
នៅក្នុងខណ្ឌទី១២ សង្កាត់ទី៣ ទីក្រុងហូជីមិញ ដល់ពេលវេលាផ្សារចល័តមកដល់ ពលរដ្ឋបានតម្រង់ជួរគ្នារង់ចាំឡើងរថយន្តទិញបន្លែ ត្រីសាច់ ដែលខ្លួនចង់បាន។ មុនពេលឡើងរថយន្តពលរដ្ឋត្រូវបានបាញ់សម្លាប់មេរោគ លាងដៃជាមុនសិនទើបអនុញ្ញាត។
នៅថ្ងៃទី២១ខែកក្កដា រថយន្តក្រុងបានលក់បន្លែអស់ជាង២តោន។ បន្លែត្រូវបានដាក់ជាដុំ ជាកញ្ចប់រួចរាល់ អ្នកឡើងរថយន្តទិញបានត្រឹមតែរើសយកដុំបន្លែមួយណា ហើយចុះមកថ្លឹងទូទាត់លុយ។
ពលរដ្ឋដែលបានទៅទិញបន្លែ ត្រីសាច់នៅផ្សារចល័ត បានលើកឡើងថា «ផ្ទះខ្ញុំត្រូវការបន្លែ និងសាច់តិចតួច សម្រាប់ពេលអាហារធម្មតា ។ វាជាការប្រសើរណាស់ យើងមិនចាំបាច់ទៅផ្សារមានមនុស្សច្រើន»។
នេះជាថ្ងៃទី២ហើយ ដែលបានចាប់ផ្តើមលក់បន្លែ ត្រីសាច់តាមរថយន្ត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ ។ នៅថ្ងៃនេះដែរសេវាកម្មផ្សារខ្នាតតូចតាមរថយន្តក្រុងក៏បានពង្រីកនៅតាមបណ្តាខណ្ឌនានាទូទាំងទីក្រុង ផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ កាត់បន្ថយការធ្វើដំណើរចេញពីផ្ទះទៅរកទិញម្ហូបអាហារ៕
ដោយ៖ធីរីណា