ខេត្តស្វាយរៀង៖ ទៀតហើយសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(កបប)បន្ត រកឃើញអាល់កុលក្លែងក្លាយ ជាច្រើនលីត្រនិងទំនិញខូចគុណភាពចម្រុះជាច្រើនគីឡូក្រាម នៅក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១។
ពាក់ព័ន្ធករណីខាងលើនេះលោកផឹងនិលប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ដោយមានការណែនាំពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅតាម ឃ្លាំង ដេប៉ូ ចែកចាញទំនិញ ម៉ាត ឱសថស្ថាននិង តាមស្ថានីយ៏ប្រងឥន្ធនៈ និង ផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ( ជាពិសេសតំលៃអាល់កុលស្លាកសញ្ញា តំលៃម៉ាស់ ) ស្ថិតក្នុងក្រុង ស្វាយរៀង។
លោកបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
ជាពិសេសមន្ត្រីលោកបានផ្សព្វផ្សាយប្រកាស់អន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អាជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។
ដោយ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយ ចំនួន ១០០ លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ១៥គីឡូក្រាមហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង ។
លោក បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ផងដែរ ៕
ដោយ ៖ យឹម សុថាន