ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា, ការតវ៉ារបស់អ្នកដឹកខ្សាច់ ដី ថ្ម លើសទំងន់ ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងសាធារណការ និងដឹកជញ្ជូនមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា កាលពី ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានលេច ចេញនូវបាតុភាពម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំ ប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូចតទៅ៖
១- ស្នើសុំដំឡើងទម្ងន់ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោន ទៅ ១៥តោន តាមប្រភេទរថយន្ត ធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់ ។
២- ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត ១(មួយ)ឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី២០ភាគរយ ឡើងទៅ ។
៣- ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងឱ្យមកម្ចាស់ក្រុមហ៊ុនឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។ ក្រសួងសូមបញ្ជាក់ជូនថា សំណើសុំទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបាន ឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ម្យ៉ាងទៀត ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្ត ធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឱ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិត ស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ កន្លងមក គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ ។ មួយវិញទៀត យោងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារតាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវ គឺជា ការតបស្នងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និង ការរីកចំរើន ។
ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបរ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ តម្លាភាព សុច្ចរិតភាព និងប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា