ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើនឹងច្រាំងទន្លេនៅផ្នែកខាងកើត។
ហេតុការណ៍ ប្រទះឃើញសាកសពនេះនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេសាប ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពស្ត្រីរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ជាង៣០ឆ្នាំ ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ។
សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់ខ្លួនពីលើទូកទេសចរណ៍កាលពី២ថ្ងៃមុន។
គួរបញ្ជាក់ផងដែរទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ច្បាស់ថា នារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញ សង្សាររបស់នាងចេញមកអះអាងនៅឡើយ។ចំណែកសមត្ថកិច្ច ក៏កំពុងតែរៀបចំចាត់ចែង ដើម្បីឱ្យគេស្រង់យកមកត្រួតពិនិត្យ។
គួររំលឹកផងដែរ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បុរសនារីជនជាតិចិនចំនួន៤នាក់បានជួលទូកទេសចរណ៍ជិះលំហែរកាយកំសាន្ត កំពុងតែអង្គុយនិយាយគ្នាសើចយ៉ាងសប្បាយ ស្រាប់តែបុរសជនជាតិចិននិងនារីជាសង្សារបានទាស់ពាក្យសម្តីគ្នាឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឲ្យភាគីបុរសខឹងសម្រេចចិត្តលោតចូលក្នុងទឹកបញ្ចប់ជីវិតរួចនារីជាសង្សារលោតទៅតាមក្រោយ ត្រង់ចំណុចទន្លេចតុមុខ មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ស្រាប់តែប្រជាពលរដ្ឋជាអ្នកនេសាទ បានឃើញក្បាលនិងដៃបក់ខ្វៃៗ សម្លេងស្រែកក៏សង្ស័យទើបរូបគេអុំទូកទៅមើលពេលទៅដល់កណ្តាលទន្លេក៏លឺសម្លេងបុរសជនជាតិចិនស្រែកយ៉ាងខ្លាំងទើបរូបគាត់ជួយស្រង់បុរសជនជាតិចិនបានដោយសុវត្ថិភាព ចំណែកឯនារីជនជាតិចិនត្រូវជាសង្សាររកមិនឃើញនោះទេ៕
ដោយ ៖ រ៉ារ៉ា