ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ជម្រាបមកលោក អភិបាលនៃគណៈអភិបាលខេត្តកំពត ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ! ដោយបញ្ជាក់ថា ,
កម្មវត្ថុ៖ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ។
យោង ៖ សេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមកលោកអភិបាលខេត្ត ជ្រាបថា ផ្អែកតាមបទបញ្ញត្តិមាត្រា ៧១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា ក្នុងកិច្ចប្រជុំលើកទី២របស់ខ្លួន ក្រុមប្រឹក្សាត្រូវចាត់វិធានការដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រជុំរបស់ខ្លួន តាមទម្រង់ជាដីកា។
លើមូលដ្ឋានមាត្រា ៧១ ខាងលើ ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២ ដើម្បីពិនិត្យ និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដោយត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ ០១៥ សណន ដូចមានចុះក្នុងយោងខាងលើ។ ទន្ទឹមនេះ ក្នុងដំណើរការពិនិត្យ និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត អាចយកគំរូបទបញ្ជាផ្ទៃក្នុងដែលភ្ជាប់មកជាមួយសេចក្ដីណែនាំលេខ ០១៥ សណន ខាងលើ មកពិនិត្យ និងអនុម័តរៀបចំឱ្យបាននូវបទបញ្ជាផ្ទៃក្នុងមួយដែលជាវិធានសម្រាប់ការបំពេញការងាររបស់ ក្រុមប្រឹក្សាក្រុងបូកគោ សំដៅលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងប្រជាធិបតេយ្យក្នុងការប្រជុំ និងរបៀបរបប ការងាររបស់ខ្លួន។ ក្រុមប្រឹក្សាក្រុងបូកគោ អាចអនុម័តលើបទបញ្ជាផ្ទៃក្នុងនេះ ដោយមានការកែប្រែ ឬដោយមិន មានការកែប្រែស្របតាមគោលការណ៍ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បានកំណត់។
ការប្រជុំអនុម័តបទបញ្ជាផ្ទៃក្នុងនេះមានសុពលភាពបាន លុះត្រាតែមានសមាជិកក្រុមប្រឹក្សាមិនតិចជាង ពាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោទាំងមូលចូលរួម ហើយត្រូវអនុម័តដោយសម្លេងលើសពី ពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល។ ក្នុងករណីមានសម្លេងអនុម័តស្មើគ្នា សម្លេងរបស់ប្រធាន អង្គប្រជុំមានឧត្តមានុភាព។
បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ ដែលបានអនុម័តរួចហើយត្រូវចម្លងចំនួន ០២ច្បាប់ ដោយចំនួន ០១ច្បាប់ ត្រូវបញ្ជូនមកក្រសួងមហាផ្ទៃ និង០១ច្បាប់ទៀត ត្រូវបញ្ជូនមកអភិបាលខេត្តកំពត ដើម្បីចាត់ឲ្យពិនិត្យនីត្យានុកូលភាព។
ក្នុងករណីមានការកែសម្រួល និង/ឬបន្ថែមខ្លឹមសារទៅលើគំរូបទបញ្ជាផ្ទៃក្នុង អភិបាលក្រុងបូកគោ ត្រូវធ្វើរបាយការណ៍អំពីការកែសម្រួល និង/ ឬបន្ថែមខ្លឹមសារនោះមកអភិបាលខេត្តរបស់ខ្លួន។ អភិបាលខេត្ត ដោយ មានទីចាត់ការផែនការ និងវិនិយោគជាជំនួយការ ត្រូវធ្វើការពិនិត្យនីត្យានុកូលភាពជាបឋមលើបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាក្រុងបូកគោ ដែលមានការកែសម្រួល និង/ឬបន្ថែមខ្លឹមសារនោះ។ ក្នុងករណីពិនិត្យឃើញថា បទបញ្ជាផ្ទៃរបស់ក្រុមប្រឹក្សាក្រុងបូកគោដែលបានអនុម័តឡើងដោយផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តកំណត់ អភិបាលខេត្តត្រូវធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។
អាស្រ័យហេតុនេះ សូមលោកអភិបាលខេត្ត ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព។ សូមលោកអភិបាលខេត្ត ទទួលនូវសេចក្តីរាប់អានអំពីខ្ញុំ ៕
ដោយ៖ សុខ ខេមរា