ខេត្តព្រះសីហនុ ៖ ជនកំណាចដ៏ឃោរឃៅទីបំផុត ! ត្រូវបានតុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត ទៅលើជនជាប់ចោទឈ្មោះ មាង វិចិត្រ ករណីចាប់រំលោភសេពសន្ថវៈ ហើយបានសម្លាប់កុមារី អាយុ១០ឆ្នាំ បន្ទាប់មកក៏បានសម្លាប់ប្អូនប្រុសរបស់នាងអាយុជាង ២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះបើយោងតាមអង្គការការពារកុមារ ចេញផ្សាយនៅថ្ងៃទី២០ កក្កដា ២០២១ម្សិលមុិញនេះ ។
អង្គការការពារកុមារ បានបញ្ជាក់ថា, ជនដៃដល់ខាងលើឈ្មោះ មាង វិចិត្រ អាយុ ២៨ឆ្នាំ ក្រោយបង្កហេតុនៅខេត្តព្រះសីហនុ ក៏បានរត់គេចខ្លួនមកសំងំនៅផ្ទះ ឯស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយអង្គការ CPU ចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ និងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តទៀតទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់ ។
បើយោងតាមប្រភពពីអង្គភាពការពារកុមារ (CPU) បានផ្តល់ជាព័ត៌មានអោយដឹងថា, កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនជាប់ចោទ ត្រូវបានតុលាកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ នៅប្រទេសកម្ពុជា ទោសមួយជីវិត គឺមានន័យថា គ្មានថ្ងៃដោះលែង ។ តាមពិតជនជាប់ចោទ បានបង្ហាញពីភាពសាហាវឃោរឃៅ នៃការប្រព្រឹត្តបទឧក្រិដ្ឋលើអនីតិជន ។
តាមរយៈការផ្តន្ទាទោសទោសនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋសូមគាំទ្រចំពោះចំណាត់ការ របស់តុលាការ និងសូមអោយវិញាក្ខណ្ឌរបស់ក្មេងទាំងពីរ ទៅកាន់សុគតិភព ភាពយុត្តិធម៌ ដែលអង្គភាពការពារកុមារ អាចប្រគល់បានទៅជូនអ្នកទាំងពីរ គឺត្រឹមតែធ្វើអោយប្រាកដថា បុគ្គលនេះមិនមានថ្ងៃដោះលែង ហើយប្រព្រឹត្តទៅលើកុមារដទៃបានទេ។
ជនជាប់ចោទមានប្រវត្តិ ប្រព្រឹត្តបទល្មើសតាំងពីនៅក្មេង ព្យាយាមចាប់រំលោភក្មេងស្រីក្នុងភូមិពេលទៅឃ្វាលក្របី និងមានរឿងដ៏ច្រើនទៀត៕
ដោយ ៖ សិលា