ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចាប់ដាក់ខ្នោះថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ជាលើកទី៣ ពាក់ព័ន្ធករណីចេញសែកស្អុយ។
សូមជម្រាបជូនថា, បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាៈ ការឃាត់ខ្លួន លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនត្រូវចោទ ឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ បញ្ជូនសុំណុំរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
យោងតាមប្រភពពីសមត្ថកិច្ច បានបង្ហើបថាៈ បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ច វាយខ្នោះបញ្ជូនទៅតុលាការ ដាក់គុកចំនួន ២ លើករួចមកហើយ សរុបលើកនេះ គឺ ៣ ដងហើយ ពាក់ព័ន្ធករណីដដែល។ ប៉ុន្តែជននេះប្រព្រឹត្តមិនរាងចាល ទើបលើកនេះ ជាការជាប់ខ្នោះជាលើកទី៣ ហាក់យកគុកធ្វើជាកន្លែងដេកទៅហើយ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយក ក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន តាមដីការបស់តុលាការ ពាក់ព័ន្ធរឿង ឆបោកប្រាក់ ជាង ២ លានដុល្លារ ក្រោមរូបភាព លក់ដីខ្យល់ ម្ដងរួច ទៅហើយ។
សូមបញ្ជាក់ថា, តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះកែវ មុនីរតន៍ ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ដើម្បីបំពេញកាតព្វកិច្ចស៊ើបសួរបន្ថែមឱ្យពេញលេញ និងមានភាពចាំបាច់ គប្បីសម្រេចនាំខ្លួន ឈ្មោះកែវ មុនីរតន៍ មកចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ហេតុដូច្នេះសម្រេច
១-ឱ្យនាំខ្លួនឈ្មោះកែវ មុនីរតន៍ ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ ។ ២-បង្គាប់ឱ្យកងកម្លាំងសាធារណៈឱ្យចាប់ និង នាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលា ដំបូងរាជធានីភ្នំពេញ យ៉ាងយូរមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាកំណត់៕
ដោយ ៖ សិលា