ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់ និងជាច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ គោរពជូន លោកស្រី ហ្គឺដា ហាសលហៀល ប្រធាន កាកបាទក្រហម អាល្លឺម៉ង់ ! 

លោកស្រី ហ្គឺដា ហាសលហៀល ជាទីគោរព!

ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង អំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ហើយ ដែលបានបណ្តាលឲ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខ និងសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ តាមរយៈកាកបាទក្រហម អាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូម បួងសួងដល់អ្នករងរបួស ឲ្យឆាប់បានជាសះស្បើយ និងសូមឲ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបាន ជោគជ័យ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ទឹកជំនន់ឆាប់ទទួលបានភាពប្រសើរឡើងវិញ។

សូម លោកស្រី ហ្គឺដា ហាសលបៀល ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖