ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតជិត៦០នាក់ ត្រូវ​បានរដ្ឋបាលខេត្តកំពត ស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស

ចែករំលែក៖

ខេត្ត​កំពត៖​ នៅក្នុង​ឱកាសនៃពិធីអបអរសាទរបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក​ នាពេលខាងមុខនេះ!​ គណៈកម្មការបន្ធូរបន្ថយ និងលើកលែងទោស​ នៃរដ្ឋបាលខេត្តកំពត​ បានវាយតម្លៃ រួចសម្រេច បញ្ជូនបញ្ជីឈ្មោះទៅគណៈកម្មការថ្នាក់ជាតិ​ ដើម្បីសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងពន្ធនាគារ ចំនួន៥៩នាក់។

គណៈកម្មការបន្ធូរបន្ថយ និងលើកលែងទោស​ នៃរដ្ឋបាលខេត្តកំពត​ បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ននេះ​ក្រុមការងារប្រឡងប្រណាំងពន្ធនាគារខេត្ត​ បានដាក់បញ្ជីឈ្មោះទណ្ឌិតចំនួន៨៥នាក់ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១ មកពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែកក្កដានេះ។​​ នៅក្នុងចំណោមនោះមានការស្នើសុំបន្ធូរបន្ថយរយៈពេល៣ខែ, ៦ខែ, ៩ខែ, ១២ខែ និងស្នើសុំលើកលែងទោស។

ជាក់ស្ដែងជាលទ្ធផលគណៈកម្មការ បានវាយតម្លៃ និងសម្រេចបញ្ជូនបញ្ជីឈ្មោះទណ្ឌិតចំនួន៥៩រូបទៅថ្នាក់ជាតិ។ ចំណែក​ការស្នើសុំបានបែងចែកជាពីរដំណាក់​ គឺក្នុងឱកាសបុណ្យឯករាជ្យជាតិមានចំនួន៣០នាក់។ ក្នុងនោះសុំបន្ធូរបន្ថយ៣ខែ​ មានចំនួន១៣នាក់, ៦ខែ២នាក់, ៩ខែ២នាក់, ១២ខែ២នាក់ និងសុំលើកលែងទោស១១នាក់។ ដោយឡែកសម្រាប់ពិធីបុណ្យអុំទូកមានចំនួន២៩នាក់ដោយស្នើសុំបន្ធូរបន្ថយរយៈពេល៣ខែ២៤នាក់, ៦ខែម្នាក់, ៩ខែម្នាក់, ១២ខែម្នាក់ និងសុំលើកលែងទោសចំនួន២នាក់ផងដែរ​។

ជុំវិញករណីនេះដែរ​ បេី​តាមការបញ្ជាក់ពី​លោកសេង សិរីបុត្រ​ អភិបាលរងខេត្តកំពត​ បានថ្លែង​បញ្ជាក់ដែរថា៖​ ចំពោះ​ការងារពិនិត្យ និងវាយតម្លៃឥរិយាបថទណ្ឌិតក្នុងពន្ធនាគារជាកិច្ចការចាំបាច់​ ដើម្បីឱ្យទណ្ឌិតទទួលបាននូវការបន្ធូរបន្ថយទោស និងលើកលែងទោស។

បន្ថែមពីនេះ​ លោកអភិបាលរង​ខេត្ត​រូប​នេះ​ បានគូសបញ្ជាក់ទៀត​៖​ ការងារនេះតែងតែអនុវត្តរៀងរាល់ឆ្នាំដើម្បីលើកទឹកចិត្តដល់ទណ្ឌិតឱ្យខិតខំទទួលយកការអប់រំកែប្រែខ្លួនជាបុគ្គលល្អឡើងវិញមុនធ្វើសមាហរណកម្មចូលក្នុងសង្គម និងគ្រួសារ។​ ចំណែក​ការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ​ គឺផ្អែកតាមលក្ខខណ្ឌធំៗចំនួន២ រួមមាន៖ កិរិយាមារយាទ និងថិរវេលានៃទោសដែលបានទទួល៕ដោយ​៖សហការី​


ចែករំលែក៖