ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន៖ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom)

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅរសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុង​នាមលោក​តំណាងឱ្យលោករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG-LJR) ជាមួយសហប្រធាន​ លោក Pradeep Wagle តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom) ។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ជិន ម៉ាលីន​បានបញ្ជាក់បន្ថែមថា​ ក្នុង​កិច្ចប្រជុំនេះ​ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

*១. វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមស្តីពីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣ (2019-2023 JMI-LJR) ។

*២. លទ្ធផលនៃកិច្ចសហការនិងការអនុវត្តការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌ រួមមានដូចជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការរៀបចំយន្តការជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម ។ល។

*៣. ការងារបន្តដែលត្រូវសហការធ្វើរួមគ្នាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។

ក្នុង​កិច្ចប្រជុំនេះ​ដែរ ក៏មានការចូលរួមពីតំណាងនៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តធម៌ តតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ​ ប្រមាណ ៧០​រូប​ ​ផងដែរ៕ដោយ​៖សហការី​


ចែករំលែក៖