ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​រងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ ចំនួន០៧គ្រួសារ ទទួល​អំណោយ​ពី​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា

ចែករំលែក៖

ខេត្តកោះកុង៖​ ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៧គ្រួសារ ដែលបណ្តាលឱ្យខូចខាតហ្វីប្រូស៊ីម៉ង
៦៦សន្លឹក ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ​ បានទទួល​អំណោយ​ពី​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា។

ជាក់ស្ដែង​លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះចំនួន០៧គ្រួសារ។

ក្នុងឱកាសនោះ លោក​ ប្រាក់ វិចិត្រ និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។

បន្ថែមពីនេះ​ ក្រុមការងារ​ បានបញ្ជាក់ថា​ អំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ទន្ទឹមនេះលោកប្រធានគណៈកម្មាធិការអនុសាខា​ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ, ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

ដោយឡែក​២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

គួរបញ្ជាក់ថា​ សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ១៥គក្រ,​ ទឹកសុទ្ធ០២យួរ និងហ្វីប្រូស៊ីម៉ង សរុប៦៦សន្លឹក ឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែងរបស់បងប្អូន៕ដោយ​៖សហការី​


ចែករំលែក៖