ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្ដ្រី ការបរទេសមេគង្គ-គង្គលើកទី១១ មួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សាន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋឥណ្ឌ តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្តី ការបរទេសនៃបណ្ដាប្រទេសជាសមាជិកមេគង្គ ដទៃទៀត។

នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០០០-២០២០) រដ្ឋមន្ត្រីទាំងអស់បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព រយៈពេល ៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏មានការ បើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូដែលឆ្លុះបញ្ចាំងអំពី សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ ប្រទេសសមាជិក។ គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួប អនុស្សាវរីយ៍២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។ រដ្ឋមន្ត្រីទាំងអស់បានសម្តែងក្ដី សង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺ រាតត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។

រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ-គង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយយល់ច្បាស់អំពីបញ្ហាប្រឈមដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្ត្រីទាំងអស់បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្ដែងដើម្បីឆ្ពោះ ទៅរកការពន្លឿនដំណើរការនៃការស្ដារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ការជំរុញការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខសុខភាព ក្នុងយុគសម័យក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។

រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ជំនួយរបស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួលផល រហ័ស (Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់ តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ គម្រោងចំនួន៣៨ បានបញ្ចប់ និង៣០គម្រោងផ្សេង ទៀតកំពុងអនុវត្ត។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អស់រយៈពេលពីរ ទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។ ព្រមជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំង បានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវ សុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្ដេជ្ញាចិត្តច្បាស់លាស់របស់ប្រទេស ឥណ្ឌាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គ ដទៃទៀត ដោយបាននាំមកនូវលទ្ធផលជាក់ស្ដែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរចំពោះប្រទេសឥណ្ឌា ដែលបានបង្កើននូវការផ្ដល់ជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្តីបានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាសមិទ្ធផល មួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែនការស្តារឡើងវិញរបស់ សារមន្ទីរ ដែលមានការគាំទ្រពីបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហា ប្រឈមនានា ហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ។

កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ គង្គាលើកទី១១ ជាមួយនឹងការចែកជូននូវរបាយការណ៍វឌ្ឍនភាព ស្ដីពីផែនការសកម្មភាពនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-គង្គា (២០១៩-២០២២) និងបញ្ជីគម្រោងទទួលផលរហ័សនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕ 

ដោយ ៖ សិលា


ចែករំលែក៖