ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤១៣៩នាក់ ស្រី ២២៨៧នាក់ ករណី ជាសះស្បើយចំនួន ៣៣៦៥នាក់ ស្រី ១៨៩៧នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៧០៦នាក់ ស្រី ៣៤៦នាក់ និងករណីស្លាប់ចំនួន ៦៥នាក់ ស្រី ៤៣នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយចំនួន ១៣៨នាក់ ស្រី ៧៣នាក់ រកឃើញករណីថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ១១៨នាក់ ស្រី ៧១នាក់ និងករណីស្លាប់ចំនួន ០១នាក់ ភេទប្រុស៖
បុរសឈ្មោះ ម៉ោ សុខ អាយុ ៨៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បាន ទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៥:១៥នាទី ដោយមានអាការសង្ស័យ ក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សហការជាមួយក្រុមការងារ RRT បន្ទាន់ បានធ្វើ កោសល្យវិច័យលើសាកសព ដោយយកវត្ថុវិភាគសំណាកធ្វើតេស្ត RDT លទ្ធផលវិជ្ជមានកូវីដ-១៩ ។
សន្និដ្ឋាន ៖ បុរស ខាងលើទទួលមរណភាពដោយសារជរាពាធ មានរោគប្រចាំកាយរ៉ាំរៃ លើសសម្ពាធឈាម និងមានវិជ្ជមានកូវីដ-១៩ ។ ចំពោះអ្នកប៉ះពាល់មានចំនួន ០៥នាក់ ក្រុមការងារបានយកសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ។
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន១៨នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន ១៩នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ៨០នាក់ ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកវីដ-១៩ ខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រត្រីគឺ ដូចជា ក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦ ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕
ដោយ ៖ សិលា