ភ្នំេពញ ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២ ផ្លូវ៦អា ក្រុម១៦ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារអស់មួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ ទេព វណ្ណារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកលក់ដូរសម្ភារតាមអនឡាញ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះថ្មបេតុង ដែលមានទំហំ ៥ម៉ែត្រ គុណ ១៣ម៉ែត្រ ខូចខាតសម្ភារៈទូរទស្សន៍, គ្រែដែកសម្ភារៈលក់ដូរមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕
ដោយ៖ ចន្ទ លីហ្សា