ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា អមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងស្រុក រមាសហែក មានចំនួន ៦ ឃុំ រងគ្រោះសរុបចំនួន ៨៤ ខ្នង ។
ក្នុងឱកាសនោះ លោកស្រី បានជួបសំណេះសំណាល និងពាំនាំប្រសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដល់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនកំពុងជួបទុក្ខលំបាកដោយសារគ្រោះធម្មជាតិដែលកើតឡើងដោយមិនអាចស្មានបាន ។
ជាមួយគ្នានេះផងដែរ លោកស្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ជាពិសេស ចំពោះបងប្អូនដែលមិនទាន់បានទទួលវ៉ាក់សាំងសូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា មួយវិញទៀតបងប្អូនត្រូវតែខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និង ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់ របួស និងពិការភាព នាំឲ្យប៉ះពាល់ដល់សង្គមជាតិ ។
ក្នុងអំណោយចែកជូននោះរួមមាន៖ សម្រាប់គ្រួសាររងគ្រោះទាំងស្រុងចំនួន ២ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ និងថវិកាចំនួន ២០០,០០០ រៀល។ ចំណែកគ្រួសាររងគ្រោះមធ្យមចំនួន ១៩ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា) និងថវិកាចំនួន ៥០,០០០ រៀល និង គ្រួសាររងគ្រោះស្រាលចំនួន ៦៣ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ៦០,០០០ រៀល៕ដោយ៖សហការី