ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន រៀបចំពុះដីឡូតិ៍លក់ អាជ្ញាធរឃុំត្រែងត្រយឹង ក៏ណែនាំប្រជាពលរដ្ឋកុំអោយទិញដីទាំងនោះអោយសោះ ព្រោះមិនមែនជាដីក្រុមហ៊ុន ហើយការកាត់ឈ្មោះត្រឹមក្រុមហ៊ុនក៏ខុសនីតិវិធីថែមទៀត។
យោងលិខិតដែលអង្គភាព”នគរដ្រេហ្គន”នៃកាសែតនគរវត្ត ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា, រដ្ឋបាលឃុំត្រែងត្រយឹង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលឃុំទទួលបានព័ត៌មាន ជាច្រើនទាក់ទងទៅនឹងការទិញលក់ដី ដែលធ្វើឡើងដោយតំណាងក្រុមហ៊ុន អភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន មានទីតាំងស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមរូបភាពនៃការពុះ បំបែកក្បាលដីជាឡូត៍ៗ លក់ជូនប្រជាពលរដ្ឋ កាត់ប្លង់ត្រឹមក្រុមហ៊ុន។ ទាក់ទងទៅនឹងបញ្ហានេះដែរ រដ្ឋបាលឃុំ សូមជម្រាបជូនថា ៖ ផ្អែកតាមស្មារតីខ្លឹមសារនៃលិខិតលេខ ៩៥៦ សជណ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺដីរបស់ក្រុមហ៊ុន អភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ដែលទទួលបានការ សម្រេចផ្តល់សិទ្ធិវិនិយោគជាប្រភេទដីសម្បទានសេដ្ឋកិច្ចមានតែ ៥២ហិកតា ប៉ុណ្ណោះ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិទី១ និងភូមិពាមទុង នៃឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែកពាក់ព័ន្ធទៅនឹង សកម្មភាពនៃការ ទិញ-លក់ដី នៅភូមិទី៦ ដែលធ្វើឡើងដោយភាគីតំណាងក្រុមហ៊ុនខាងលើ គឺធ្វើស្ថិតនៅលើ ទីតាំងដីដែលកំពុងមានទំនាស់ ហើយដំណើរការនៃការកាត់ប្លង់ដីក៏ធ្វើឡើងខុសនីតិវិធីផងដែរ ដោយពុំមាន ការដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញភូមិបាលស្រុកឡើយ, ហេតុនេះ រដ្ឋបាលឃុំត្រែងត្រយឹង នឹង មិនទទួលស្គាល់រាល់សកម្មភាពនៃការទិញ-លក់ដីដោយខុសច្បាប់ខាងលើនេះឡើយ។
ដើម្បីធានាបានភាពស្របច្បាប់ និងចៀសវាងការចាញ់បោកជនខិលខូច សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មិនត្រូវធ្វើការទិញដីនៅទីតាំងខាងលើដែលរៀបចំដោយតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា