ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា, នៅកម្ពុជា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្តជាមួយមន្ត្រីឧទ្យានុរក្សជាបុរស។ ក្រសួងបរិស្ថានបានបន្តទៀតថា, ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត។

ក្នុងនោះក្រសួងបរិស្ថានបានលើកស្លោកមួយថា”ដំណើរឆ្ពោះទៅការប្រារព្ធទិវាឧទ្យានុរក្សអន្តរជាតិ ៣១ កក្កដា” ៕

ដោយ ៖ សិលា


ចែករំលែក៖