ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយស្លាប់នៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់នៅអែបចិញ្ចើមផ្លូវគួរឲ្យអាណោចអាធ័ម​ បន្ទាប់ពីជិះកង់សុខៗត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយអូសជាច្រើនម៉ែត្រចំណែករថយន្តបង្កបើកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២​ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២២ ខែ កក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១​ ចំណុចជិតវិទ្យាល័យច្បារអំពៅ​ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ 

    សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

    យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះកង់មួយគ្រឿងធ្វើដំណើរពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរស្របគ្នាមកពីក្រោយល្បឿនលឿនបានជ្រុលមកបុកពីក្រោយពេញទំហឹងអូសកង់និងបុរសរងគ្រោះខាងលើជាច្រើនម៉ែត្របណ្ដាលបែកក្បាលស្លាប់ក្នុងថ្លុកឈាម​ រីឯរថយន្តបានបន្តដំណើរទៅមុខគេចខ្លួនដោយសុវត្តិភាព ។

ក្រោយកើតហេតុ​ សមត្ថកិច្ចខណ្ឌច្បារអំពៅ​ ចុះមកដល់ចំណុចកើតហេតុ​ និងបានធ្វេីការវាស់វែងយកកង់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ​ ដេីម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់​ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបន្តស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖