ខេត្តសៀមរាប៖ យោងតាមអត្ថបទ របស់នាយដ្ឋានផ្សព្វផ្សាយនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរូបភាពពីលោក ហាប់ គឹមអាន បានបង្ហាញអោយដឹងថា, ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។
លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។
សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕
ដោយ ៖ សិលា