ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន។
នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា, ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ដូចខាងក្រោម៖
១. ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រ ផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ត្រូវផ្ដល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរស័ព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។ ៣.ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនោះមកប្រើប្រាស់វិញ។
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរស័ព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សុខ ខេមរា