ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តទាំង២គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រៀបបានដូចគេថតខ្សែភាពយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូត ទៅបុករថយន្តមួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមើលទៅគួរឲ្យរន្ធត់។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិពួក ស្រុកពួក ខេត្តសៀមរាប ក្បែរស្ថានីយថ្លឹងរថយន្ត ចម្ងាយ ២៥០ម៉ែត្រ។ 

សាក្សីបានឲ្យដឹងថាករណីនេះបង្កឡើងទៅជា អគ្គិភ័យ ដោយរថយន្តម៉ាក TRAILER ពាក់ស្លាកលេខ ភ.ព 4A.8127 ពណ៌ខៀវ-ស បើកពីកើតទៅលិចបានទៅបុកជាមួយសត្វក្របី១ក្បាលដែលកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យរថយន្តរេចង្កូតទៅបុករថយន្តមួយទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម 3B.0773 ពណ៌ខៀវ ដែលបើកនៅខាងមុខខណ:រថយន្តនេះបើកបរពីទិសខាងលិចទៅទិសខាងកើត ហើយរថយន្តទាំង២គ្រឿងបានរងដោយអគ្គិភ័យឆេះខូចខាតទាំងស្រុង។

ចំណែកមនុស្សចំនួន ០២ នាក់បានរងរបួសធ្ងន់០១នាក់ ស្រាល ០១នាក់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួកភ្លាមៗដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយកើតហេតុភ្លាមមានរថយន្តពន្លត់អគ្គិភ័យស្រុកពួក ចំនួន ១គ្រឿង ចេញទៅជួយធ្វើអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ ២រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តសៀមរាប ចំនួន១គ្រឿងទៀតប្រើប្រាស់ទឹកអស់១គ្រឿងផងដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖