ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានករណីប្រជាពលរដ្ឋម្នាក់បានទទួលមរណភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល០៥ខែមកហើយ សពមានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ តែក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។ បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញមាន(វិជ្ជមាន)កូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពនោះទេ។
តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្យ ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្យជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។
សកម្មភាពនេះសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនេះ។
ឆ្លងតាមរយៈបទពិសោធន៍ដ៏អាក្រក់នេះ អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ ដោយគ្មានការលើកលែងនោះឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕
ដោយ ៖ សិលា