ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីជិត១០គីឡូម៉ែត្រ និងឃាត់ខ្លួនមនុស្ស២នាក់ នៅស្រុកបាកាន

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ផាយ ឡេង អភិបាលស្រុកបាកាន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកប្រមាណ៤០នាក់ មធ្យោបាយដោយកាណូតចំនួន៧គ្រឿង ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទដែលត្រីកំពុងពងកូន ដោយបំផ្លាញចោលនូវឧបករណ៍វត្ថុតាង និងឃាត់ខ្លួនជនប្រព្រឹត្តចំនួន២នាក់ ដើម្បីបន្តនីតិវិធី ។

 ករណីកម្លាំងគណៈបញ្ជាការឯកភាពស្រុកបាកានដឹកនាំដោយលោកអភិបាលស្រុកចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ព្រែកក្បាលតោល ព្រែកខ្ញែង ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 កម្លាំងចុះប្រត្តិបត្តិការផ្ទាល់បានឲ្យដឹងថា លទ្ធផលៈ បំផ្លាញចោលនូវឧបករណ៍ចាប់ត្រីទំនើប(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុងចំនួន៩ខ្សែ ស្មើនឹងប្រវែងចំនួន៦.៣០០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន២០គ្រឿង បង្គោលចំរឹងចំនួន២.៤០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន៤០គីឡូក្រាមផងដែរ ក្នុងនោះកម្លាំងឃាត់ខ្លួនជនប្រព្រឹត្តចំនួន២នាក់ ដើម្បីបន្តនីតិវិធី ។ 

 ប្រភពពីកម្លាំងដដែលបន្តទៀតថា ថ្នាក់ដឹកនាំកម្លាំងសន្យាបន្តឃ្លាំមើល និងបន្តការអនុវត្តឲ្យដូចភ្លៀងរលឹម ដើម្បីចរាចរណ៍ត្រីពងកូន ព្រោះនេះជារដូវបិទនេសាទ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖