ខេត្តព្រះសីហនុ -លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលជំនាញបង្ក្រាបបានករណី ជនជាតិចិនមួយក្រុម ចាប់ជំរិតជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត ។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ជនសង្សយ័រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ០៤នាក់ និងរំដោះបានជនរងគ្រោះ ០១នាក់ ជាជនជាតិចិន ។ ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ចំណែកជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌សស្លាកលេខ ភ្នំពេញ2AZ-9381។
ចំពោះករណីនេះ នគរបាលកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕
ដោយ៖ ឆ្លាម សមុទ្រ