ខេត្តស្វាយរៀង៖ លោក សុខ សំអុល ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំពង់រោទិ៍ នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផ្តល់ជូនពលរដ្ឋចំនួន ២ គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់មធ្យម មួយគ្រួសារ នៅឃុំរាជមន្ទីរ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ និងករណីអគ្គិភ័យឆេះផ្ទះ (ឆ្លងចរន្តអគ្គីសនី) មួយគ្រួសារ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅឃុំសំយ៉ោងក្នុង ស្រុកកំបង់រោទិ៍។
មានប្រសាសន៍នាឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខាស្រុកកំពង់រោទិ៍ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជា ពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកក៏បានបន្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការអុជធូបទៀននិងការប្រើប្រាស់ចរន្តអគ្គីសនីគ្មានសុវត្ថិភាព សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយមានល្អប្រសើរឡើងវិញ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ជាពិសេស ត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
អំណោយដែលបានចែកជូនរួមមាន៖ គ្រួសាររងគ្រោះដោយសារអគ្គិភ័យឆាបឆេះទទួលបាន អង្ករ ៥០ គ.ក្រ មី ២ កេស ទឹកស៊ីអ៊ីវ ១ យូរ ត្រីខកំប៉ុង ១ ឡូ កន្ទេលជ័របត់ ១ ក្រណាត់កៅស៊ូ ១ ឆ្នាំងបាយ-សម្លរ ២ ធុងជ័រ ១ ឃីតចំនួន ១ ( ភួយ មុង ក្រម៉ា សារុង ) និងថវិកាចំនួន ៤០០,០០០ រៀល ។ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ ( ភួយ , មុង , សារុង , ក្រមា )និងថវិកា ៥០.០០០៛៕ដោយ៖សហការី