ខេត្តព្រះសីហនុ, នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះគណ:ប្រតិភូអន្តរៈក្រសួងបានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលអនាគត៕
ដោយ៖ឆ្លាមសមុទ្រ